និពន្ធដោយ លោក ធីម ឆលី (Tim Challies)
បកប្រែ​ដោយ​មាន​ការអនុញ្ញាត​ពី​គេហទំព័រ៖ http://www.challies.com/book-reviews/four-blood-moons
បកប្រែ​ដោយ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់

ជារឿយៗ ខ្ញុំ​តែងតែ​អាន​សៀវភៅ​គ្រីស្ទបរិស័ទ​ដែល​អាច​ជួយ​ឲ្យ​យើង​មាន​ឱកាស​លូតលាស់ ហើយ​ស្ដាប់បង្គាប់​តាម​ព្រះអម្ចាស់ ប៉ុន្តែ​ពេល​ខ្លះ​ខ្ញុំ​ក៏​អាន​សៀវភៅ​ដែល​លក់​ដាច់​ច្រើន​ដែរ ហើយ​មើល​ទៅ​វា​ដូចជា​មាន​ឥទ្ធិពល​ចំពោះ​អ្នកអាន ដូច្នេះ​ខ្ញុំ​ក៏​ចង់​អាន​សៀវភៅ​ដូច​នោះ​ដែរ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ដឹង​នឹង​គេ។ ខ្ញុំ​អាន​ដើម្បី​ឲ្យ​ដឹង​ថា ហេតុអ្វី​បានជា​មាន​មនុស្ស​ជា​ច្រើន​អាន​សៀវភៅ​ទាំង​នោះ។ ក្នុង​ចំណោម​សៀវភៅ​ល្បីល្បាញ​ទាំង​នោះ​ក៏​មាន​សៀវភៅ​របស់​លោក ចន ហេហ្គី (John Hagee) ដែល​មាន​ចំណងជើង​ថា Four Blood Moons ដែរ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​សម្រេចចិត្ត​អាន​សៀវភៅ​របស់​គាត់។មាន​ចន្ទគ្រាស​បួន​ដែល​នឹង​កើត​មាន​ឡើង​តាម​ដំណាក់កាល​ម្ដង​មួយៗ ដែល​វា​នឹង​កើត​មាន​ឡើង​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ម្ដងៗ។ ចន្ទគ្រាស​លើក​ទី​មួយ​ទើប​តែ​បាន​កើត​ឡើង​នៅ​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៤​នេះ។ ក្រុម NASA បាន​លើកឡើង​ថា «បាតុភូត​នេះ​បាន​កើត​ឡើង​នៅ ថ្ងៃទី១៥ ខែមេសា នៅ​ចំ​ពេល​ដែល​ព្រះចន្ទពេញបូរមី ឆ្លង​កាត់​ស្រមោល​ងងឹត​របស់​ផែនដី ហើយ​វា​បង្កើត​ជា​ចន្ទគ្រាស​នៅ​ចំ​កណ្ដាល​រាត្រី​ដែល​ប្រទេស​ផ្សេងៗ​នៅ​ប៉ែក​អាមេរិក​ខាង​ជើង​អាច​មើល​ឃើញ​បាន។ ពេល​ដែល​បាតុភូត​នេះ​កើត​ឡើង នោះ​បង្ហាញ​ប្រាប់​ថា ចន្ទគ្រាស​ដំបូង​ក្នុង​ចំណោម​ចន្ទគ្រាស​ទាំង​បួន​បាន​កើត​ឡើង​មុន​គេ ហើយ​នឹង​មាន​ចន្ទគ្រាស​បី​ទៀត​ដែល​នឹង​កើត​ឡើង​ជា​បន្តបន្ទាប់​ក្នុង​រវាង​ប្រមាណ​ប្រាំមួយ​ខែ​ម្ដង បាតុភូត​នេះ​ជា​ភាសា អង់គ្លេស​ហៅ​ថា tetrad។ ចន្ទគ្រាស​ដ៏​ក្រហម​ឆ្អិនឆ្អៅ​បាន​កើត​ឡើង​នៅ ថ្ងៃទី១៥ ខែមេសា ហើយ​នឹង​កើត​ឡើង​ជា​បន្តបន្ទាប់​ទៀត​នៅ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ និង​នៅ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥ ហើយ​ម្ដង​ទៀត​នៅ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥»។ នៅក្នុង​អំឡុង​ពេល​ដែល​ចន្ទគ្រាស​ដ៏​ក្រហម​ឆ្អិនឆ្អៅ​ទាំងបួន​កំពុងតែ​កើត​ឡើង ពេល​នោះ​ព្រះចន្ទ​នឹង​ប្ដូរ​ពណ៌​ជា​ពណ៌​ក្រហម។ លោក ចន ហេហ្គី ​បាន​ហៅ​ចន្ទគ្រាស​នេះ​ថា​ជា​ព្រះចន្ទ​ក្រហម (Blood Moon)។ប្រសិនបើ​លោកអ្នក​ចាប់​អារម្មណ៍​លើ​ការសិក្សា​ស្រាវជ្រាវ​ពី​បទទំនាយ​នៅ​ក្នុង​ព្រះគម្ពីរ នោះ​លោកអ្នក​នឹង​ឃើញ​ថា មាន​សេចក្តីបង្រៀន​ពី​ចន្ទគ្រាស​ជា​ច្រើន​ដែល​មើល​ទៅ​គួរ​ឲ្យ​ចាប់អារម្មណ៍ ហើយ​លោកអ្នក​ក៏​ពិបាក​នឹង​មើល​រំលង​វា​ដែរ។ ដ្បិត​កណ្ឌគម្ពីរ យ៉ូអែល ២:៣១ ក៏​បាន​ចែង​ដែរ​ថា «ព្រះអាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ព្រះចន្ទ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះយេហូវ៉ា​បាន​មក​ដល់»។ លោក ចន ហេហ្គី ជឿ​ថា «ព្រះជាម្ចាស់​ប្រើប្រាស់ ព្រះអាទិត្យ ព្រះចន្ទ និង​ផ្កាយ​ទុកជា​សញ្ញា​សម្គាល់ ដើម្បី​នាំ​សារ​មកកាន់​មនុស្សលោក។ ទ្រង់​ប្រើប្រាស់​ផ្ទៃមេឃ​ទុកដូចជា​កន្លែង​សម្រាប់​ប្រកាស​ដំណឹង​ផ្សេងៗ​ដែល​នឹង​កើត​ឡើង»។ គាត់​ក៏​បាន​មាន​ប្រសាសន៍​ទៀត​ថា៖

«ព្រះអាទិត្យ ព្រះចន្ទ និង​ផ្កាយ​ជាប់ពាក់ព័ន្ធ​នឹង​សាសន៍​អ៊ីស្រាអែល និង​ទំនាយ​ក្នុង​ព្រះគម្ពីរ​យ៉ាង​ច្បាស់។ ការជាប់ពាក់ព័ន្ធ​នោះ​បាន​លើកទឹកចិត្ត​ខ្ញុំ​ឲ្យ​និពន្ធ​សៀវភៅ Four Blood Moons នេះ។ ព្រះជាម្ចាស់​នឹង​ប្រើប្រាស់​និមិត្ត​សញ្ញា​ទាំង​នោះ ដើម្បី​នាំ​សារ​ដ៏​សំខាន់​មួយ​មក​កាន់​មនុស្សលោក។ តើ​ព្រះជាម្ចាស់​កំពុងតែ​មាន​បន្ទូល​អ្វី​មក​កាន់​យើង​រាល់គ្នា? តើ​អតីតកាល​លាក់បាំង​អាថ៌កំបាំង​អនាគតកាល​ដោយ​របៀបណា? តើ​នឹង​មាន​អ្វី​កើតឡើង​នៅ​ផែនដី​នេះ? គ្រប់​អ្វីៗ​ទាំង​អស់​ជិត​នឹង​មាន​ការប្រែប្រួល ហើយ​ការប្រែប្រួល​នោះ​នឹង​នៅ​ស្ថិតស្ថេរ​ជា​រហូត។ សូម​បន្ត​អាន​សៀវភៅ​នេះ ពីព្រោះ​នេះ​គឺ​ជា​សារ​ដ៏​សំខាន់​ដែល​មក​ពី​ព្រះជាម្ចាស់។ យើង​ដឹង​ថា នេះ​ជា​សារ​ដ៏​សំខាន់​ព្រោះ​ទ្រង់​បាន​គ្រោង​ឲ្យ​ព្រះអាទិត្យ និង​ព្រះចន្ទ​ឈរ​ជា​គន្លង ហើយ​បង្កើត​ឲ្យ​មាន​ចន្ទគ្រាស​ដ៏​ក្រហម​ឆ្អិនឆ្អៅ​បួន​កើត​ឡើង (Tetrad)»។

SONY DSC

កន្លង​ប្រាំរយ​ឆ្នាំ​មក​នេះ ព្រះចន្ទ​ក្រហម​បាន​កើត​ឡើង​បី​ដង​រួច​ហើយ​នៅ​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ បុណ្យរំលង។ លោក ចន ហេហ្គី​បាន​មាន​ប្រសាសន៍​ទៀត​ថា «នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សាសន៍​យូដា​ក្នុង​រយៈពេល​ប្រមាណ​ជា​ប្រាំរយ​ឆ្នាំ​កន្លង​មក​នេះ​មាន​ចន្ទគ្រាស​បី​ដង​បាន​កើត​ឡើង​​​ហើយ​ក្នុង​ចំណោម​ចន្ទគ្រាស​ទាំងបួន​ដែល​ជាប់​ទាក់ទិន​នឹងប្រទេស​អ៊ីស្រាអែល។ ចន្ទគ្រាស​លើក​ទី​បួន​ជិត​កើត​ឡើង​ហើយ»។ យោងតាម​ការស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​របស់​លោក ចន ហេហ្គី​បាន​សន្មត​ថា ចន្ទគ្រាស​ដ៏​ក្រហម​ឆ្អិនឆ្អៅ​ទាំង​នោះ​បាន​កើត​ឡើង​ក្នុង​ប្រវត្តិសាស្ត្រ​សំខាន់ៗ​របស់​យូដា​ដូចជា៖ នៅឆ្នាំ១៤៩២ ប្រទេស អេស្ប៉ាញ​បាន​បណ្ដេញ​សាសន៍​យូដា​ចេញពី​ប្រទេស​របស់​ពួកគេ ហើយ​នៅ​ឆ្នាំ១៩៤៩ អង្គការសហប្រជាជាតិ​បាន​ទទួល​ស្គាល់​ថា អ៊ីស្រាអែល​មាន​ប្រទេស​ឡើង​វិញ នៅ​ឆ្នាំ១៩៦៧ មាន​សង្គ្រាម​ប្រាំមួយ​ថ្ងៃ​រវាង​ពួក​អារ៉ាប់ និង​សាសន៍​អ៊ីស្រាអែល។

លោកអ្នក​ត្រូវ​យល់​ឲ្យ​បាន​ថា លោក ចន ហេហ្គី​ជឿ​ថា សាសន៍​យូដា​នៅតែជា​រាស្ត្រ​រើសតាំង​របស់​ព្រះជាម្ចាស់ ហើយ​សេចក្តីសន្យា និង​ការតាំងសញ្ញា​របស់​ព្រះជាម្ចាស់​ជាមួយនឹង​សាសន៍ យូដា​នៅតែ​មាន​សុពលភាព​នៅ​សព្វថ្ងៃ​នេះ​នៅ​ឡើយ។ លោក​បាន​លើក​ឡើង​ទៀត​ថា «សាសន៍ យូដា​នៅតែ​ជា​កែវភ្នែក​របស់​ព្រះជាម្ចាស់​ដដែល។ ពួកគេ​នៅ​តែ​ជា​រាស្ត្រ​ដែល​ព្រះជាម្ចាស់​ស្រឡាញ់ ហើយ​ក៏​នៅ​តែ​ជា​រាស្ត្រ​រើសតាំង។ ពួកគេ​ក៏​នៅ​តែ​ជា​រាស្ត្រ​ដែល​ព្រះជាម្ចាស់​បាន​តាំង​សញ្ញា​ជាមួយ​ដដែល។ ព្រះជាម្ចាស់​បាន​សន្យា​នឹង​រក្សា​ការតាំងសញ្ញា​នោះ​ជារៀងរហូត»។ ហើយ​លោក ចន ហេហ្គី​ក៏​ជឿ​ទៀត​ថា ព្រះជាម្ចាស់​មាន​ទំនាក់ទំនង​ដ៏​ពិសេស​ជាមួយ​ប្រទេស អាមេរិក ព្រោះ​ចាប់តាំង​ពី​ប្រទេស អេស្ប៉ាញ​បាន​បណ្ដេញ​សាសន៍ យូដា​ចេញពី​ប្រទេស​របស់​ពួកគេ​នៅ​អំឡុង​ឆ្នាំ១៤៩២​មក ពេល​នោះ​ប្រទេស​អាមេរិក​បាន​ទទួល​ស្វាគមន៍​សាសន៍​យូដា​យ៉ាងកក់ក្ដៅ។ លោក ចន ហេហ្គី​បាន​មាន​ប្រសាសន៍​ថា «ព្រះជាម្ចាស់​បាន​ដក​ភាពរុងរឿង​ចេញពី​ប្រទេស អេស្ប៉ាញ ហើយ​បាន​ផ្ទេរ​ទៅ​ប្រទេស​អាមេរិក​ដែល​ជា​ប្រទេស​ក្មេងខ្ចី​នៅ​ឡើយ​នៅ​ឆ្នាំ​នោះ»។ ព្រះជាម្ចាស់​បាន​ប្រទាន​អភ័យឯកសិទ្ធិ​ដ៏​ពិសេស​មួយ​ដល់​ប្រទេស អាមេរិក ដើម្បី​ការពារ​រាស្ត្រ​របស់​ទ្រង់​ដែល​ជា​សាសន៍​អ៊ីស្រាអែល។ ហេតុដូច្នេះហើយ​បានជា​ប្រទេស អាមេរិក​ត្រូវតែ​ប្រុងប្រយ័ត្ន ហើយ​ព្យាយាម​ឲ្យ​ស្គាល់​ពី និមិត្ត​សញ្ញា​ទាក់ទង​នឹង​បាតុភូត​ព្រះចន្ទ​ក្រហម​ទាំង​បួន​នេះ។

សៀវភៅ Four Blood Moons គឺ​ជា​សៀវភៅ​ដែល​ធ្វើ​ឲ្យ​អ្នក​អាន​ខកចិត្ត​យ៉ាងខ្លាំង។ សៀវភៅ​ប្រភេទ​នេះ​គឺ​តែងតែ​ធ្វើ​ឲ្យ​អ្នក​អាន​ខក​ចិត្ត​គ្រប់​ពេល។ នៅទីបញ្ចប់ លោក ចន ហេហ្គី (John Hagee) មិន​បាន​ប្រាប់​ថា ​នឹង​មាន​ព្រឹត្តិការណ៍​អ្វី​កើត​មាន​ឡើង ឬ​ប្រាប់​ពី​ពេលវេលា​ដែល​ព្រឹត្តិការណ៍​នោះ​នឹង​កើត​ឡើង​នោះ​ទេ។ គាត់​គ្រាន់តែ​និយាយ​ថា នៅ​ថ្ងៃ​ខាង​មុខ​នេះ​នឹង​មាន​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ដែល​នឹង​ត្រូវ​កើត​ឡើង។ មាន​មនុស្ស​ជា​ច្រើន​តែងតែ​ទាយ​ពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​ដោយ​គ្មាន​ភាព​ច្បាស់លាស់ ព្រោះ​ពួកគេ​មិន​បាន​ប្រើប្រាស់​ខគម្ពីរ​ឲ្យ​បាន​ត្រឹមត្រូវ។

ខ្ញុំ​ជឿ​ថា យើង​ទាំង​អស់​គ្នា​បាន​អាន​សៀវភៅ​នេះ ឬ​សៀវភៅ​ផ្សេងៗ​ដែល​មាន​សេចក្តីបង្រៀន​ប្រភេទ​នេះ​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ។ ពិតប្រាកដ​ណាស់ សៀវភៅ​នេះ​ពឹងផ្អែក​ខ្លាំង​លើ​ការប៉ាន់ស្មាន​មិនចេះឈប់មិនឈរ មាន​មនុស្ស​មួយ​ចំនួន​បាន​រិះគន់​​គាត់​ថា គាត់​ចេះ​តែ​លើកឡើង​ឲ្យ​ត្រូវ​តែ​តាម​គំនិត​របស់​គាត់​ប៉ុណ្ណោះ។ តើ​យើង​គួរ​ធ្វើ​ដូចម្ដេច​ចំពោះ​សៀវភៅ​ដូចជា Four Blood Moons មួយ​ក្បាល​នេះ? ខ្ញុំ​គិត​ថា យើង​មិន​ត្រូវ​ទទួលស្គាល់​សៀវភៅ​ប្រភេទ​នេះ​ទេ។ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ផ្ដល់​ហេតុផល​បួន​យ៉ាង​ដែល​ខ្ញុំ​គិត​ដូច​នេះ៖

លោក ចន ហេហ្គី បាន​ប្រើប្រាស់​ខគម្ពីរ​ដោយ​របៀប​ខុសឆ្គង។ នៅពេល​ដែល​គាត់​កាត់ស្រាយ​ចន្ទគ្រាស​ដែល​គាត់​រាប់​ថា​ជា​ទំនាយ​ក្នុង​ព្រះគម្ពីរ ជារឿយៗ គាត់​បាន​ប្រើប្រាស់​ខគម្ពីរ​ដោយ​របៀប​ខុសឆ្គង។ មើល​ទៅ​គាត់​បកស្រាយ​ព្រះគម្ពីរ​តាម​ចិត្ត ពេល​ខ្លះ​គាត់​យក​អត្ថន័យ​ត្រង់ៗ ហើយ​ពេលខ្លះ​ទៀត​គាត់​ប្រៀបធៀប​ទៅ​នឹង​អ្វី​ផ្សេង​ទៀត ដើម្បី​ឲ្យ​ព្រះគម្ពីរ​មាន​អត្ថន័យ​តាម​បំណង​ចិត្ត​ដែល​គាត់​ចង់​បាន។ មុន​ដែល​លោក ច​ន ហេហ្គី​ទៅ​រក​ខយោង​នៅ​ក្នុង​ព្រះគម្ពីរ​ដើម្បី​គាំទ្រ​​ថា គំនិត​របស់​គាត់​ត្រឹមត្រូវ គឺ​គាត់​បាន​មាន​គំនិត​កាត់ស្រាយ​បទគម្ពីរ​នោះ​ដោយ​ខ្លួនឯងមុនរួច​ទៅ​ហើយ។ ដូច្នេះ គាត់​អាច​រក​ខយោង​មក​ប្រើ​ជា​ភស្តុតាង​មក​លើ​គំនិត​ផ្ទាល់​របស់​គាត់​នៅ​ត្រង់​ណា ឬ​ពេល​ណា​ក៏​បាន​ ពីព្រោះ​គាត់​បាន​ប្រើប្រាស់​ខគម្ពីរ​ដោយ​របៀប​ខុសឆ្គង។

លោក ចន ហេហ្គី​ឲ្យ​អត្ថន័យ​លើ​ប្រវត្តិសាស្ត្រ​តាមតែ​ចិត្ត​របស់​គាត់។ សៀវភៅ Four Blood Moons រំឭក​ខ្ញុំ​ពី​សៀវភៅ​ដ៏​ល្បីល្បាញ​មួយ​ទៀត​ដែល​មាន​ចំណងជើង​ថា The Bible Code។ សៀវភៅ​នោះ​គ្រាន់តែ​រៀបរាប់​ពី​អ្វីៗ​ដែល​បាន​កើត​ឡើង​នៅ​អតីតកាល​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​រៀបរាប់​ពី​អ្វីៗ​ដ៏​មាន​គុណប្រយោជន៍​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​សោះ។ លោក ចន ហេហ្គី​គ្រាន់តែ​ជ្រើស​យក​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ខ្លះៗ ហើយ​ឲ្យ​អត្ថន័យ​យ៉ាងខ្ពស់​ទៅ​លើ​ព្រឹត្តិការណ៍​នោះ ប៉ុន្តែ​ស្របពេល​នោះ​ដែរ គាត់​ក៏​មិន​បាន​អើពើ​នឹង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត​ដែល​មិន​គាំទ្រ​នឹង​គំនិត​ដែល​គាត់​ចង់​លើក​ឡើង​នោះ​ដែរ។ ឧទាហរណ៍ គាត់​មិន​បាន​លើក​ឡើង​ថា ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម ពួកគេ​មិន​អាច​មើល​ឃើញ​ចន្ទគ្រាស​ទាំង​បី​ក្នុង​ចំណោម​ចន្ទគ្រាស​ទាំង​បួន​ដែល​បាន​កើត​ឡើង​នោះ​ទេ។ ប្រសិនបើ ព្រះជាម្ចាស់​ផ្ដល់​សញ្ញាសម្គាល់​ទាំង​នោះ​សម្រាប់​ប្រទេស អ៊ីស្រាអែល ចុះ​ហេតុអ្វី​បាន​ជា​ពួកគេ​មិន​អាច​មើល​​ឃើញ? (ក្រុម Answer In Genesis បាន​និពន្ធ​ឯកសារ​ដ៏​ល្អ​មួយ​ដែល​មាន​រៀបរាប់​បន្ថែម​លើ​ប្រតិទិន​ដែល​រាប់​តាម​ចន្ទគតិ និង​ពី​ពេលវេលា​ដែល​ចន្ទគ្រាស​ទាំង​នោះ​បាន​កើត​ឡើង។ លោកអ្នក​អាច​អាន​ការរៀបរាប់​នេះ​ជា​ភាសា អង់គ្លេស​នៅ​ក្នុង​គេហទំព័រ៖ https://answersingenesis.org/astronomy/moon/will-lunar-eclipses-cause-four-blood-moons-in-2014-and-2015/)។

លោក ចន ហេហ្គី​និពន្ធ​ក្នុង​នាម​ជា​ជនជាតិ អាមេរិក ហើយ​សម្រាប់​ប្រជាជន​អាមេរិក។ វា​គួរ​ឲ្យ​ចម្លែក​ណាស់​ដែល​ខ្ញុំ​ជា​ជនជាតិ កាណាដា​អាន​សៀវភៅ​នេះ​ដោយ​មាន​ផ្នត់គំនិត​តាម​ជនជាតិ កាណាដា។ លោក ចន ហេហ្គី​ជឿ​ថា ប្រទេស​អាមេរិក​ជា​ប្រទេស​ដ៏​សំណព្វ​មួយ​ក្នុង​ព្រះនេត្រ​ព្រះជាម្ចាស់។ ចុះ​ហេតុអ្វី​បានជា​
ប្រទេស អាមេរិក​ជា​ប្រទេស​សំណព្វ តែ​ប្រទេស​ផ្សេងៗ​ដូចជា កាណាដា ស្វីស វៀតណាម…មិនមែន​ជា​ប្រទេស​សំណព្វ​ទៅ​វិញ? ហើយ​ហេតុអ្វី​បាន​ជា​មាន​តែ​ប្រទេស អាមេរិក​ត្រូវការ​ស្ដាប់​តាម​ដំបូន្មាន​នេះ តែ​មិនមែន​ប្រទេស​ផ្សេងៗ​ទៅ​វិញ? ព្រះជាម្ចាស់​បាន​គ្រោង​ដំណឹងល្អ​ទុក​សម្រាប់​គ្រប់​ទាំង​ពូជសាសន៍ កុលសម្ព័ន្ធ និង​ភាសា ប៉ុន្តែ​សៀវភៅ​ដែល​និពន្ធ​ដោយ​ជនជាតិ អាមេរិក​មួយ​ក្បាល​នេះ​បែរជា​ទុក​សម្រាប់​តែ​ជនជាតិ​អាមេរិក​អាន​ប៉ុណ្ណោះ។

លោក ចន ហេហ្គី​មិន​បាន​រៀបរាប់​យ៉ាង​ច្បាស់​ពី​ព្រះមេស្ស៊ី និង​សាសន៍​យូដា​ទេ។ លោក ចន ហេហ្គី​បាន​កោតសរសើរ ហើយ​ថែមទាំង​មាន​ចិត្ត​ច្រណែន​នឹង​សាសន៍​យូដា​ទៀត​ផង។ នៅក្នុង​ការកោតសរសើរ​របស់​គាត់ គាត់​បាន​គិត​ថា សាសន៍​យូដា​មិន​ចាំបាច់​ត្រូវ​ការ​សេចក្ដីសង្គ្រោះ​តាមរយៈ​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ទាល់តែ​សោះ។ ការប្រាប់​សាសន៍​យូដា​ថា ពួកគេ​អាច​ទទួល​សេចក្ដីសង្គ្រោះ​បាន​តាមរយៈ​ជំនឿ​ដែល​មិន​ពឹងអាង​លើ​ព្រះគ្រីស្ទ នោះ​មិនមែន​ជា​សេចក្តីស្រឡាញ់​ទេ ។ ដ្បិត​មើល​ទៅ​លោក ចន ហេហ្គី​គ្រាន់តែ​កោតសរសើរ​ពី​ជំនឿ និង​ប្រពៃណី​របស់​សាសន៍​យូដា​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​មិន​បាន​យក​ឱកាស​ណាមួយ ដើម្បី​ទៅ​ដាស់តឿន​សាសន៍​យូដា​ឲ្យ​បែរ​ទៅ​រក​ព្រះមេស្ស៊ី​ដែល​ទ្រង់​បាន​យាង​មក​រួច​ហើយ​ទាល់តែ​សោះ។ ប្រសិនបើ​គាត់​ពិតជា​បាន​ជឿ​ថា សាសន៍​យូដា​ត្រូវតែ​បែរ​ទៅ​រក​ព្រះគ្រីស្ទ ចុះ​ហេតុអ្វី​បានជា​គាត់​មិន​បាន​បញ្ជាក់​ពី​តម្រូវការ​នោះ​ឲ្យ​ច្បាស់លាស់​ដូច្នេះ?

ពិតណាស់ យើង​ទាំង​គ្នា​បាន​ដឹង​ហើយ​ថា នឹង​មាន​ព្រឹត្តិការណ៍​ផ្សេងៗ​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​មែន ទោះបើ​យើង​មិន​ដឹង​ថា ការនោះ​ជិត​មក​ដល់ ឬ​នៅ​យូរ​ទៀត​ក៏​ដោយ។ ពិតណាស់ ព្រះអម្ចាស់​នឹង​យាងមកវិញ។ ប៉ុន្តែ យោងតាម​ព្រះបញ្ញាញាណ​របស់​ព្រះជាម្ចាស់ ទ្រង់​សព្វព្រះទ័យ​នឹង​មិន​បើក​ឲ្យ​យើង​ដឹង​ពី​ពេលវេលា​នៃ​ការយាងមកវិញ​របស់​ព្រះគ្រីស្ទ​នោះ​ទេ ហើយ​ទ្រង់​ក៏​បាន​ហាម​មិន​ឲ្យ​យើង​ទាយ​ពី​ពេលវេលា​នៃ​ការយាងមកវិញ​របស់​ទ្រង់​ដែរ។ ការសន្មត​ដែល​យោងតាម​ព្រះចន្ទ និង​ផ្កាយ​បែប​នេះ​គឺ​ប្រៀបបានទៅ​នឹង​ការ​ដែល​គ្រីស្ទបរិស័ទ​ធ្វើ​ជា​ហោរាសាស្ត្រ​អញ្ចឹង។ ពេល​ដែល​យើង​មើល​ព្រះចន្ទ​ក្រហម យើង​គួរ​តែ​រាប់​វា​ថា នោះ​គឺ​ជា​ទស្សនីយភាព​ដ៏​ត្រចះត្រចង់​មួយ​មក​ពី​ព្រះជាម្ចាស់ ហើយ​មិន​ត្រូវ​បង្កើត​ឲ្យ​មាន​ជា​ការទស្សន៍ទាយ​ដែល​គ្មាន​ភាពច្បាស់លាស់​ស្ដី​ពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​នោះ​ឡើយ។៚

Geometry_of_a_Lunar_Eclipse

តើ Tetrad កើត​ឡើង​ជា​ញឹកញាប់​ឬ​អត់?

បកប្រែ​ពី​គេហទំព័រ៖ http://earthsky.org/space/what-is-a-blood-moon-lunar-eclipses-2014-2015
បកប្រែ​ដោយ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់

តើ tetrad កើត​ឡើង​ជា​ញឹកញាប់​ឬ​អត់? (Tetrad មាន​ន័យ​ថា ចន្ទគ្រាស​កើត​ឡើង​បួន​ដង​ជា​បន្តបន្ទាប់​ក្នុង​រវាង​ប្រមាណ​ប្រាំមួយ​ខែ​ម្ដង)។ វា​គឺ​អាស្រ័យ​ទៅ​លើ​សតវត្ស​ដែល​លោកអ្នក​កំពុងតែ​រស់​នៅ ពេល​ខ្លះ​បាតុភូត​នោះ​អាច​កើត​ឡើង​ជា​ញឹកញាប់ ហើយ​ពេល​ខ្លះ​ទៀត​វា​មិន​កើត​ឡើង​ទេ។

ឧទាហរណ៍ នៅ​សតវត្ស​ទី២១​នេះ (២០០១-២១០០) មាន tetrad ចំនួន​ប្រាំបី​ដែល​ត្រូវ​កើត​ឡើង។ ប៉ុន្តែ​នៅ​សតវត្ស​ទី១៧ ១៨ និង​១៩ មិន​មាន tetrad កើត​ឡើង​នោះ​ទេ។ មាន tetrad សរុប​ចំនួន ហុកសិបពីរ​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​សតវត្ស​ទី១-២១។ Tetrad ដែល​ទើប​នឹង​កើត​ឡើង​ក្រោយ​គេ​បង្អស់​នៅ​អំឡុង​ឆ្នាំ២០០៣-២០០៤។ ហើយ​នឹង​មាន tetrad មួយ​ទៀត​ដែល​ត្រូវ​កើត​ឡើង​នៅ​អំឡុង​ឆ្នាំ២០១៤-២០១៥ ហើយ​កើត​ឡើង​ម្ដង​ទៀត​នៅ​អំឡុង​ឆ្នាំ២០៣២-២០៣៣។

ក្នុង​អំឡុង​សតវត្ស​ទី១-២១ មាន tetrad ប្រាំបី​ដែល​បាន​កើត​ឡើង​ចំ​បុណ្យ​រំលង និង​បុណ្យ​បារាំ​របស់​សាសន៍​យូដា។
១. ១៦២-១៦៣ នៃ​គ.ស
២. ៧៩៥-៧៩៦ នៃ​គ.ស
៣. ៨៤២-៨៤៣ នៃ​គ.ស
៤. ៨៦០-៨៦១ នៃ​គ.ស
៥. ១៤៩៣-១៤៩៤ នៃ​គ.ស
៦. ១៩៤៩-១៩៥០ នៃ​គ.ស
៧. ១៩៦៧-១៩៦៨ នៃ​គ.ស
៨. ២០១៤-២០១៥ នៃ​គ.ស

ហេតុអ្វី​បានជា​គេ​ប្រើ​ពាក្យ​ថា ព្រះចន្ទក្រហម​ជំនួស​ឲ្យ​ពាក្យ​ចន្ទគ្រាស​ដែល​គេ​ហៅ​ជា​ភាសា អង់គ្លេស​ថា tetrad?

យើង​មិន​ដឹង​ប្រាប់​លោកអ្នក​ពី​ហេតុផល​នោះ​យ៉ាងដូចម្ដេច​ទេ​ដែល​មាន​មនុស្ស​ជា​ច្រើន​ចាប់ផ្ដើម​ប្រើ​ពាក្យ​ព្រះចន្ទក្រហម​ជំនួស​ឲ្យ​ពាក្យ​ថា tetrad ដែល​មាន​ន័យ​ថា ចន្ទគ្រាស​ដែល​ត្រូវ​កើត​ឡើង​បួន​ដង​ជា​បន្តបន្ទាប់​ក្នុង​រវាង​ប្រមាណ​ប្រាំមួយ​ខែ​ម្ដង។ យើង​ពិតជា​មិន​បាន​ដឹង​ពី​ហេតុផល​មែន!

ជា​ថ្មី​ម្ដង​ទៀត នេះ​ជា​អត្ថន័យ​នៃ​ពាក្យ tetrad ចន្ទគ្រាស​ដែល​ត្រូវ​កើត​ឡើង​បួន​ដង​ជា​បន្តបន្ទាប់​ក្នុង​រវាង​ប្រមាណ​ប្រាំមួយ​ខែ​ម្ដង​ដែល​មិន​មាន​ចន្ទគ្រាស​ណា​មួយ​អាច​កើត​ឡើង​នៅ​ក្នុង​ចន្លោះ​រវាង​ប្រាំមួយ​ខែ​បាន​ទេ។ វា​មិន​សមហេតុសមផល​នោះ​ទេ​ដែល​មាន​បុគ្គល​ណា​ម្នាក់​ប្រើ​ពាក្យ ព្រះចន្ទក្រហាម​ជំនួស​ឲ្យ​ពាក្យ tetrad។
យោងតាម​ចំណេះដឹង​របស់​យើង ការប្រើ​ពាក្យ​ថា​ព្រះចន្ទក្រហម​ជំនួស​ឲ្យ​ពាក្យ​ថា tetrad ប្រហែល​ចេញមកពី​សៀវភៅ​របស់​លោក ចន ហេហ្គី​ដែល​ទើបតែ​បោះពុម្ព​ថ្មីៗ​នៅ​ឆ្នាំ២០១៣​នេះ ពីព្រោះ​ពី​មុន​មិន​មាន​អ្នកណា​ប្រើ​ពាក្យ​នេះ​ទេ។
យើង​នៅ​តែ​មិន​ដឹង​ច្បាស់​ទេ​ថា តើ​ព្រះចន្ទក្រហម​ជាប់ទាក់ទិន​នឹង tetrad ឬ​ក៏​មាន tetrad ណាមួយ​ដែល​កើត​ឡើង​ចំ​បុណ្យរំលង ឬ​បុណ្យបារាំ​របស់​សាសន៍​យូដា​នោះ​ទេ។

 

ទាញ់យកជា PDF


Download “Four Blood Moons Review in Khmer” Four-Blood-Moons-Review-Khmer.pdf – Downloaded 398 times – 891 KB

  • James PHON

    It’s a great deal 🙂